គម្រោង «បង្កើននូវភាពធន់ នឹងអាកាសធាតុ»

សេចក្តីជូនដំណឹង

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា មានកិត្តិយសសូមជម្រាបជូន លោក/លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់​ស្ថានីយ​ផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្រុកបូរីជលសារ ខេត្តតាកែវ ឱ្យបានជ្រាបថា សមាគមបាននឹងកំពុងអនុវត្តគម្រោង «បង្កើននូវភាពធន់ នឹងអាកាសធាតុសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជនរស់នៅក្នុងឃុំចំនួនបី​ (បូរីជលសារ ដូងខ្ពស់ និងគោកពោធិ៍) ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ និងឃុំទាំងអស់ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានហានិភ័យខ្ពស់ប្រឈមទៅនឹងបម្រែបម្រួលអាកាសធាតុ»គម្រោងនេះនឹងផ្តល់ការឧបត្ថម្ភធនដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតដែលកំពុងប្រតិបត្តិផ្គត់ផ្គង់ទឹកស្អាតនៅក្នុងឃុំគោលដៅខាងលើ ពីអង្គការយូនីសេហ្វ(UNICEF) ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ​​អង្គការ​យូនីសេហ្វ(UNICEF)។ គម្រោងឧបត្ថម្ភធនដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតរួមមាន៖

១) ពង្រីកបណ្តាញទឹកស្អាតទៅកាន់ភូមិដាច់ស្រយាល ឬភូមិដែលមិនទាន់មានបណ្តាញទឹកស្អាត ដែលមាននៅក្នុង​ប្រកាសអនុញ្ញាត​ផ្គត់ផ្គង់ទឹកស្អាត(អាជ្ញាបណ្ណ)របស់ខ្លួន។​

២) ជួយកែលម្អប្រភពទឹកសម្រាប់ផលិត និងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពរដ្ឋរស់នៅក្នុងឃុំដែលមាន​នៅក្នុងប្រកាស​អនុញ្ញាត​ផ្គត់ផ្គង់​ទឹកស្អាត (អាជ្ញាបណ្ណ) របស់ខ្លួនដើម្បីទប់ទល់នឹងហានិភ័យនៃបម្រែបម្រួលអាកាសធាតុ។

៣) ជួយឧបត្ថម្ភធនដល់ការសាងសង់អនុស្ថានីយ ឬអាងស្តុកទឹកស្អាត និងប្រព័ន្ធចែកចាយដើម្បីផ្គត់ផ្គង់ទឹកស្អាត​ទៅដល់ភូមិ​គោលដៅ​នៅក្នុងប្រកាសអនុញ្ញាតផ្គត់ផ្គង់ទឹកស្អាត (អាជ្ញាបណ្ណ) តែមិន​ ទាន់បានដាក់​​បណ្តាញទឹកស្អាត។

អាស្រ័យដូចបានជម្រាបជូនខាងលើ គម្រោងនឹងធ្វើការជ្រើសរើសស្ថានីយផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្រុកបូរីជលសារ ខេត្តតាកែវ ដើម្បីទទួលបាននូវការឧបត្ថម្ភធនពីគម្រោង។

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតឯកជនដែលមានទីតាំងនៅស្រុកគោលដៅទាំងពីរខាងលើ ដែលមានចំណាប់អារម្មណ៍លើការឧបត្ថម្ភខាងលើ សូមបំពេញពាក្យស្នើសុំ(ដូចមានភ្ជាប់ជូន) ដោយភ្ជាប់មកជាមួយនូវប្រកាសអនុញ្ញាតផ្គត់ផ្គង់ទឹកស្អាត រួចផ្ញើមកសមាគមឱ្យបានមុនថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៥.០០ល្ងាច។

បញ្ជាក់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតឯកជន មួយកន្លែងអាចស្នើសុំគម្រោងឧបត្ថម្ភធនទាំងបីដូចចែងនៅខាងលើ ដើម្បីគម្រោងពិនិត្យ និងវាយតម្លៃ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកការិយាល័យសមាគម ដែលមានអាសយដ្ឋាននៅ មជ្ឈមណ្ឌលភ្នំពេញ អគារF ជាន់ទី២ បន្ទប់លេខ២៦៩ វិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌ       ចំការមន រាជធានីភ្នំពេញ។ ឬទូរស័ព្ទលេខៈ ០១២ ៣៩៤ ៧៦០/០៨៦ ៨៨៣ ៦៩៧ ឬ ០៩៥ ៧១២ ៩៩០/០៧០ ៧៩៩ ៣៣៧ ឬ ០១៧ ៧៩៩ ៣៣៧។

សូមចុចត្រង់នេះដើម្បីទាញយកពាក្យស្នើសុំ