សន្និបាតលើកទី១២ ប្រចាំឆ្នាំ២០២៣

សន្និបាតសមាគមលើកទី ១២
របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា

ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ ព្រឹក សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់       ឯកឧត្តម ហែម  វណ្ណឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧវបន) ។​ អង្គសន្និបាតមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឧវបន តំណាង ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថានទូតចក្រភពអង់គ្លេស ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អង្គការ Water.org កម្មវិធី CAPRED ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាលជាតិ និង      អន្តរជាតិ ក្រុមប្រឹក្សាភិបាលសមាគម  និងសមាជិកជាប្រតិបតិ្តករផ្គត់ផ្គង់ទឹកស្អាត សរុបចំនួន ៤១៥នាក់ (ស្រី ១១៥នាក់)។ នៅក្នុងកំឡុងនៃសន្និបាតសមាគមនេះ ក៏មានការតាំងបង្ហាញផលិតផល និងសេវាកម្មពាក់ព័ន្ធនឹងវិស័យទឹកស្អាតផងដែរ។​

គោលបំណង៖

អង្គសន្និបាតប្រចាំឆ្នាំលើកទី១២ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១) អបអរសាទរសមិទ្ធិផលរបស់ក្រុមប្រឹក្សាភិបាលសមាគមអាណត្តិទី៣(២០២០-២០២៣)

២) ជ្រើសរើសក្រុមប្រឹក្សាភិបាលសមាគម អាណត្តិទី៤ (២០២៤-២០២៧)

៣) អបអរសាទរសមិទ្ធិផលរបស់សមាគម ឆ្នាំ២០២៣ និងផែនការប្រចាំឆ្នាំ២០២៤

៤) បង្កើនទំនាក់ទំនងជាមួយសមាជិកឱ្យកាន់តែប្រសើរឡើង និងចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ។

កិច្ចស្វាគមន៍ និងសុន្ទរកថាបើកកម្មវិធីអង្គសន្និបាត

លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគម  បានថ្លែងអំណរគុណដល់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧវបន អង្គទូត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងអង្គ        សន្និបាតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ លោក ឡេង ខៀវ បានគូសបញ្ជាក់ពីការចូលរួមរបស់សមាគម ក៏ដូចជាប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនដល់អតិថិជន ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។​ ក្នុងនោះ ការផ្គត់ផ្គង់ទឹកស្អាតពីវិស័យឯកជនបានចូលរួមចំណែកក្នុងការផ្តល់សេវាទឹកស្អាតបានប្រមាណ ៥៣.៥៧% ដែលនេះជាការបង្ហាញពីភាពជាដៃគូរបស់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនជាមួយរាជរដ្ឋាភិបាល។​ ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន បានលើកជាសំណូមពរដល់ក្រសួង ឧវបន បន្តជួយគាំទ្រសមាគម និងជួយកៀរគរ​ប្រភពទុនវិនិយោគ សម្រាប់ជួយគាំទ្រដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត​ឯកជន ដើម្បីពន្លឿន និងធានាភាពជោគជ័យក្នុងការលើកកម្ពស់ វិស័យទឹកស្អាតនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួង ឧវបន​  បានលើកឡើងពីកិច្ចសហប្រតិបត្តិការរបស់ក្រសួង ឧវបន ជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនាពេលកន្លងមក និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ឧវបន ក្នុងការជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត​ និងការពង្រឹងរដ្ឋាករទឹកសាធារណៈ ដែលទើបប្រែក្លាយជាសហគ្រាស            សាធារណៈ ការពង្រឹងធនធានមនុស្សក្នុងវិស័យទឹកស្អាត និងការរៀបចំមូលនិធិ​អភិវឌ្ឍន៍ វិស័យទឹកស្អាតជាដើម។ ទន្ទឹមនឹងនោះ ក្រសួងក៏ចង់ឃើញប្រតិបត្តិករទឹកស្អាតឯកជន មានការពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការដឹកនាំ ការគ្រប់គ្រងអាជីវកម្ម បង្កើនភាពជាអ្នកដឹកនាំ ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ក្នុងការពង្រីក និងពង្រឹងសេវាកម្មផ្គត់ផ្គង់ទឹកស្អាតក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួន ដោយ​ឈរលើលក្ខខណ្ឌគោលទាំង៤ គឺ ការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ

អង្គសន្និបាតមានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន​ និងអង្គការដៃគូចំនួន ២០ដូចខាងក្រោម៖

១) អង្គការ Water.org

២) កម្មវិធី CAPRED

៣) ក្រុមហ៊ុន ធី អ៊ី អឹម ខូអិលធីឌី (TEM)

៤) ក្រុមហ៊ុនវ៉ធើម៉ិច ថេកណឡជី(Watermech)

៥) Representative Office of Fuji Electric Co., Ltd

៦) សហគ្រាស អ៊ី-ផៅវ័រ ស៊ីស៊ីអិល(E-Power)

៧) ក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី(X-Water)

៨) ក្រុមហ៊ុន ធីស៊ីយូប៉ូលី អេធើប្រាយ(TCU)

៩) ក្រុមហ៊ុន ភ្នំពេញប្លាស្ទិចប្រូដាក់(Phnom Penh Plastic)

១០) ក្រុមហ៊ុន ធីនីម៉ិច(Dhinimex)

១១) ក្រុមហ៊ុន វ៉ធើរ ផាតនើរ (ខេមបូឌា) ឯ.ក (Water Partners Cambodia)

១២) ក្រុមហ៊ុន ខេស៊ីអអាយ អ៊ិនធើណេសិនណល ខូអបភើរេសិន ឯ.ក (KCRI)

១៣) ក្រុមហ៊ុន លេសសូ (ខេមបូឌា) ត្រេឌីង ឯ.ក (LESSO)

១៤). ក្រុមហ៊ុន Petram Design International

១៥) ក្រុមហ៊ុន ឥន្ធនូ ខេមបូឌាត្រេឌីង

១៦) ក្រុមហ៊ុន GEOCRAFT Co., Ltd

១៧). ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)

១៨). ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា​ (SME BANK)

១៩). Stone Family Foundation

២០).គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ភីអិលស៊ី  (LOLC)

អង្គសន្និបាត បានបញ្ចប់នៅវេលាម៉ោង៨.៣០យប់នៅក្នុងថ្ងៃខែឆ្នាំដដែលប្រកបដោយភាពជោគជ័យ ក្តីសប្បាយរីករាយ និងភាពស្និទ្ធស្នាលជាទីបំផុត។