សន្និបាតលើកទី ៨ ប្រចាំឆ្នាំ២០១៩

សន្និបាតសមាគមលើកទី ៨
របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា

ថ្ងៃព្រហស្បត្តិ ៥រោច ខែមាឃ ឆ្នាំកុរ ឯក​ស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០-២០:០០ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក)​ បានរៀបចំសន្និបាតប្រចាំឆ្នាំលើកទី៨ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានី​ភ្នំពេញ។

ជារៀងរាល់ឆ្នាំសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានរៀបចំសន្និតបាតប្រចាំឆ្នាំជាមួយអាជីវករទឹកស្អាត និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈទឹកស្អាត ដែលជាសមាជិកសមាគមទូទាំង ២៣រាជធានីខេត្ត ដើម្បីធ្វើការ​ឆ្លុះបញ្ចាំង ការអនុវត្តការងារឆ្នាំចាស់ និងធ្វើផែនការសកម្មភាពសម្រាប់ឆ្នាំថ្មី ។ សមាសភាពអ្នកចូលរួមក្នុងសន្និបាតលើទី ៨ នេះមាន៖ ថ្នាក់ដឹកនាំមកពីអគ្គនាយកដ្ឋានទឹកស្អាត អង្គការ និងដៃគូអភិវឌ្ឍន៍ អាជីវករទឹកស្អាត និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈទឹកស្អាត និងបុគ្គលិកសមាគមសរុប ចំនួន ២២៦ រូប ស្រ្តី ៥៣ រូប ។

ជារៀងរាល់ឆ្នាំសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានរៀបចំសន្និបាតប្រចាំឆ្នាំជាមួយដែលជាអាជីវករទឹកស្អាត និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈដែលជាសមាជិកសមាគមទូទាំង២៣ រាជធានី ខេត្ត ដើម្បីធ្វើការឆ្លុះបញ្ចាំងការអនុវត្តការងារឆ្នាំចាស់ និង​រៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំថ្មី។  សមាសភាពអ្នកចូលរួមនៅក្នុងសន្និបាតលើកទី៨នេះ​មាន៖ តំណាងថ្នាក់ដឹកនាំមកពីអគ្គនាយកដ្ឋានទឹកស្អាត អង្គការ និងដៃគូរអភិវឌ្ឍន៍ អាជីវករផ្គត់ផ្គង់ទឹកស្អាត ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ និងបុគ្គលិកសមាគមសរុប ចំនួន២២៦រូប ស្រ្តី​៥៣រូប។

គោលបំណង៖

សន្និបាតលើកទី៨នេះបានរៀបចំឡើងក្នុងគោលបំណង៖

      • បង្កើនទំនាក់ទំនងជាមួយបងប្អូនគ្រួសារទឹកស្អាត និង​អ្នកពាក់ព័ន្ធ
      • ជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលសមាគម​មកជំនួសក្រុមប្រឹក្សាភិបាលដែលបានចប់អណត្តិ
      • សាទរជោគជ័យដែលសមាគមអនុវត្តបានក្នុងឆ្នាំ​២០១៩ និង​រៀបចំផែនការសកម្មភាព និង​ថវិកា​សម្រាប់ឆ្នាំ​២០២០

 

សកម្មភាព៖

សុន្ទរកថាស្វាគមន៍របស់លោកឧកញ៉ា អ៊ុន យុទ្ធី ៖ ជាកិច្ចចាប់ផ្តើម លោកឧកញ៉ា អ៊ុន​ យុទ្ធី បានធ្វើកិច្ចស្វាគមន៍ដល់អ្នកចូលរួមទាំងអស់ ព្រមទាំងបានរំលឹកឡើងវិញចាប់តាំងពីការចាប់ផ្តើមកកើតនៃសមាគមដោយមានការគាំទ្រពីធនាគារពិភពលោក រហូតមកដល់បច្ចុប្បន្ន ។

លោកឧកញ៉ា ក៏បានបញ្ជាក់ពីជោគជ័យសំខាន់ៗនៃឆ្នាំនីមួយ​រីក ចម្រើនតាំងពីការចាប់ដៃគូជាមួយគម្រោងឥទានជាមួយអាជីវករទឹកស្អាត ជាលើកតំបូងជាមួយទីភ្នាក់ងារអភវិឌ្ឍន៍អន្តរជាតិបារាំង(AFD) និងការអនុវត្តគម្រោងនានាពីអង្គការដៃគូដែលសមាគមទទួលបាន ដូចជា អង្គការ​ Unicef អង្គការ Water.org, 3i , Wash fin, Water aid, Wash-fin, East meets West។ ក្រៅពីការងារគម្រោងនានា​សមាគមក៏បានឆ្លងពីកុមារភាព ដល់វ័យជំទងដោយមានការចុះអនុស្សារណៈជាមួយសភាពានិជ្ជកម្ម សមាគមទឹកអូស្រ្តលី ហើយថ្មីៗនេះ

សមាគមបានចុះអនុស្សារណៈជាមួយអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម និងសិប្បកម្មលើកិច្ចសហប្រតិបត្តិការណ៍លើវិស័យទឹកស្អាត។

លោកឧកញ៉ា ក៏បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ឱ្យបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាលរបស់ខ្លួនប្រកបដោយការត្រិះរិះពិចារណាក្នុងការជួយកាច់ចង្កួតនាវាសមាគមឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

សុន្ទរកថាបើករបស់ឯកឧត្តម យា ប៊ុនណា ៖ ឯកឧត្តម យា ប៊ុនណា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាតបានថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ព្រមទាំងបានបញ្ជាក់ភាពជាដៃគូររវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការជួយឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់​។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះមានប្រជាជនប្រមាណជាង ៤លាននាក់ ឬស្មើនឹង៣០% ដែលកំពុងទទួលបាននូវសេវានេះ ហើយដែលពាក់កណ្តាលនៃចំនួននេះគឺជាការចូលរួមពីវិស័យឯកជន​ ដែលនេះបញ្ជាក់ឱ្យឃើញថា ដើម្បីសម្រេចបានទិសដៅ​ ២០២៥ ការចូលរួមពីវិស័យឯកជនមានសារៈសំខាន់ណាស់​ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាត។​

ឯកឧត្តមបានបន្ថែមថានេះជាឱកាសដ៏វិសេសវិសាលដែលបងប្អុនគ្រួសារទឹកស្អាតបានជួបជុំ ក្នុងការពិនិត្យលើការងារសម្រចបាន​កន្លងមក និង​បញ្ហាប្រឈម របស់​សមាគមអ្នក​ផ្គត់​ផ្គង់​ទឹកស្អាត កាលពី​ឆ្នាំ​២០១៩និង​បាន​ផ្តល់​យោបល់តម្រង់ទិស​សម្រាប់​ការងារ​អនុវត្តន៍​ឆ្នាំ​២០២០ ធ្វើវិសោធកម្មលក្ខន្តិកៈរបស់សមាគម ប្រការ​ទី១០ ទី១៨ និងទី១៩ និងការជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលសមាគម​ថ្មី មកជំនួសឱ្យក្រុមប្រឹក្សាភិបាលដែលបានចប់    អណត្តិ ។ ជាមួយគ្នានោះដែរឯកឧត្តមបានថ្លែងអំណរគុណដល់លោកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល និង​សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ដែលលះបង់កំលាំងកាយកំលាំងចិត្តក្នុងការដឹកនាំ អភិវឌ្ឍ និងជួយជ្រោមជ្រេងការងារសមាគមរហូតទទួលបានលទ្ធផលដូចថ្ងៃនេះ  និងអបអរដល់ការអនុវត្តការងាររបស់សមាគមអ្នកទឹកស្អាតកម្ពុជា ដែលបានធ្វើជាម្តាយដ៏ល្អរបស់សេវាករទឹកស្អាតជាកូនៗរហូតមក។