កម្មវិធី WaterAid

កម្មវិធី និងគម្រោង
«ការពង្រឹងគណនេយ្យភាពរបស់សេវាករផ្គត់ផ្គង់ទឹកស្អាត ដើម្បីលើក
កម្ពស់សេវាកម្មទឹកស្អាត»

គម្រោង ឬកម្មវិធីការពង្រឹងគណនេយ្យភាពរបស់សេវាករផ្គត់ផ្គង់ទឹកស្អាត ដើម្បីលើកកម្ពស់សេវាកម្មទឹកស្អាតវ័តធឺអេដសម្រាប់៣ ខេត្ត

គម្រោងផ្តល់សេវាករផ្គត់ផ្គង់ទឹកស្អាតដល់ប្រតិបត្តិទឹកស្អាតឯកជនសរុបចំនួន២៣ ស្ថានីយ ដែលជាសមាជិកសមាគមដែលកំពុងប្រតិបត្តិការនៅក្នុងស្រុកចំនួន៦ ក្នុងខេត្តទាំង៣ (ស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាចក្នុងខេត្តកំពង់ឆ្នាំង ស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួលក្នុងខេត្តកណ្តាល ស្រុកសំរោងទង និងស្រុកថ្ពងក្នុងខេត្តកំពង់ស្ពឺ) នឹងចូលរួមជាមួយគម្រោងពង្រឹងគណនេយ្យភាពរបស់សេវាករផ្គត់ផ្គង់ទឹកស្អាត ដើម្បីលើកកម្ពស់សេវាកម្មទឹកស្អាត។

ការអនុវត្តគម្រោងរយៈពេល២ ឆ្នាំ ត្រូវបានរំពឹងថានឹងមានប្រជាជនប្រមាណ៣០,០០០ នាក់ នឹងទទួលបានទឹកស្អាត ដែលក្នុងនោះយ៉ាងហោចណាស់មាន ២០% នៃគ្រួសារដែលមានសមាជិកគ្រួសារកំពុងធ្វើការនៅរោងចក្រកាត់ដេរ និងរាប់បញ្ចូលទាំងគ្រួសារក្រីក្រកម្រិត១ និងកម្រិត២ ចំនួន៤៦០ គ្រួសារ និងគ្រួសារដែលមានសមាជិកជាជនងាយរងគ្រោះ (ជនពិការ មនុស្សចាស់ជរា) គ្រួសារដែលមានស្ត្រីជាមេគ្រួសារ និងអ្នកផ្ទុកមេរោគអេដស៍ បានភ្ជាប់បណ្តាញ និងទទួលបានការផ្គត់ផ្គង់ទឹកស្អាត។

គម្រោងនេះនឹងចាប់ផ្តើមអនុវត្តជាក់ស្តែងនៅដើមខែមករា ឆ្នាំ២០២១ និងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២២។ ការបង្កើតគម្រោងនេះគឺមានការផ្សាភ្ជាប់ការចូលរួមយ៉ាងពេញលេញពីសំណាក់សេវាករផ្គត់ផ្គង់ទឹកស្អាតឯកជន អាជ្ញាធរ​ថ្នាក់ក្រោមជាតិរួមមាន មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានិវត្តន៍ អភិបាលស្រុក មន្ត្រីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាជនសហគមន៍ ជាពិសេសប្រជាជនដែលងាយរងគ្រោះ។

គោលការណ៍សំខាន់សម្រាប់បង្កើតគម្រោងនេះគឺ ការប្តេជ្ញាចិត្តចូលរួម ការភា្ជប់ទំនាក់ទំនង និងការផ្តល់សិទ្ធិអំណាចដល់សហគមន៍ និងការកែលម្អប្រព័ន្ធ និងរចនាសម្ព័ន្ធការងារនៅថ្នាក់មូលដ្ឋាន។ វិធីសាស្រ្តអនុវត្តគម្រោងនេះគឺការស្នើសុំឱ្យមានការរួមបញ្ចូលសកម្មភាពគម្រោងជាមួយគម្រោង ដែលមានស្រាប់ពីអង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាក៏ដូចជាវិស័យផ្សេងៗ​ទៀត ជាពិសេសក្រុមការងារបច្ចេកទេសបច្ចេកទេសទឹកស្អាត និងអនាម័យ។

ការបង្កើតម្រោងត្រូវបានគិតគូរដល់កម្មវិធីបរិស្ថានថ្នាក់ជាតិ និងបានជ្រើសរើសអន្តរាគមន៍ ដែលត្រូវបានកំណត់ថាជាអាទិភាពសម្រាប់ចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG-6 របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖

        • នៅឆ្នាំ២០២៥ ប្រជាជនទីក្រុង១០០% អាចទទួលបានការផ្គត់ផ្គង់ទឹកប្រកបដោយសុវត្ថិភាព តម្លៃសមរម្យនិងមាននិរន្តរភាពដែលក្នុងនោះ៩០% ផ្គត់ផ្គង់ទឹកពីបំពង់ និង១០% ពីប្រភពផ្សេងទៀត។
        • នៅឆ្នាំ២០៣០ ទទួលបានទឹកផឹកប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យសំរាប់មនុស្សគ្រប់គ្នា។

គោលដៅរបស់គម្រោង «ពង្រឹងតួនាទី និងទំនួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន សេវាករផ្គត់ផ្គង់ទឹកស្អាតឯកជន និងប្រជាជនសហគមន៍លើសេវាកម្មផ្គត់ផ្គង់ទឹក ដើម្បីបង្កើនកម្រិតពេញចិត្តចំពោះសេវាកម្មដែលផ្តល់ដោយសេវាករទឹក»។