សន្និបាតប្រចាំឆ្នាំរបស់ស.ទ.ក

សន្និបាតប្រចាំឆ្នាំ

អំពីសន្និបាតប្រចាំឆ្នាំ៖ ជារៀងរាល់ឆ្នាំសមាគម​ ស.ទ.ក បានរៀបចំប្រារព្ធធ្វើសន្និបាតប្រចាំឆ្នាំដែលបានផ្តោតសំខាន់ទៅលើការងារបណ្តាញចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងចំណោមសមាជិកអ្នកពាក់ព័ន្ធ និងស្វែងរកដៃគូអាជីវកម្មថ្មី (វិនិយោគិន) រួមទាំងការរៀនសូត្រពីផលិតផលបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងវិស័យស្អាត។

សន្និបាតគឺជាពេលវេលាមួយសំខាន់ណាស់ដែលត្រូវជួបជុំគ្នាដើម្បីអបអរសាទរភាពជោគជ័យរបស់សមាគមក្នុងឆ្នាំនិងស្វាគមន៍ឆ្នាំថ្មីសមាជិកថ្មីអ្នកពាក់ព័ន្ធដៃគូថ្មី និងផែនការថ្មី។ សមាគម ស.ទ.ក ក៏បានរៀបចំឱ្យមានកន្លែងសម្រាប់អ្នកតាំងពិពណ៌ផលិតផលដៃគូដើម្បីបង្ហាញព័ត៌មានផលិតផល និងសេវាកម្មរបស់ពួកគេក៏ដូចជានៅលើផ្ទាំងខាងក្រោយកន្លែងឈររូបថត និងសម្ភារៈទាក់ទងទៅនឹងវិស័យទឹកស្អាតផ្សេងទៀត។ មានការធ្វើបទបង្ហាញខ្លីដោយក្រុមហ៊ុនពីផលិតផលផ្គត់ផ្គង់ទឹក រួមមានសេវាកម្ម អាជីវកម្មហិរញ្ញប្បទានទឹកស្អាត និងគម្រោងពាក់ព័ន្ធទឹកស្អាត។

ជារៀងរាល់ឆ្នាំសន្និបាតប្រចាំឆ្នាំរបស់សមាគម ស.ទ.ក យើងមានការរៀបចំការប្រារព្ធធ្វើនៅទីក្រុងភ្នំពេញ ដែលបានរៀបចំផែនការ ររបៀបវារៈ លទ្ធផលរំពឹងទុក មានអ្នកចូលរួមបរិមាណជាក់លាក់ពីប្រតិបត្តិករទឹកដៃគូអភិវឌ្ឍន៍អង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងក្រុមហ៊ុនផ្គត់ផ្គង់ទឹកពាក់ព័ន្ធ។

ការកសាងទំនាក់ទំនងសមាជិក

ការកសាងទំនាក់ទំនងសមាជិកគឺជាការងារស្នូលមួយរបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ស.ទ.ក ដែលត្រូវបានសម្របសម្រួលដោយបុគ្គលរបស់ ស.ទ.ក ដែលកំពុងកាន់តួនាទីក្នុងផ្នែកកម្មវិធីឬគម្រោងណាមួយជាក់លាក់។ ក្នុងគោលបំណងកសាងការទំនាក់ទំនងផ្តល់ព័ត៌មានបន្ទាន់និងទៀងទាត់តាមរយៈខលតាមទូរស័ព្ទ ឬសារអេឡិចត្រូនិចនិងប្រព័ន្ធទំនាក់ទំនងសង្គមជាដើម។