គម្រោង (3i)

គម្រោង
«ការកសាងសមត្ថភាពសេវាករទឹកស្អាត ក្រោមកម្មវិធីវិនិយោគលើវិស័យ
ហេដ្ឋារចនាសម្ព័ន្ធ 3i»

ការកសាងសមត្ថភាពសេវាករទឹកស្អាត ក្រោមកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (៣i) គឺជាកម្មវិធីមួយដែលត្រូវបានរៀបចំឡើងដើម្បីជំរុញដល់កំណើនអាជីវកម្មនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងវិស័យទឹកស្អាត និងអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។

គម្រោងបានផ្តល់ការពង្រីកសេវាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប្រកបដោយចីរភាពស្របតាមអាទិភាព និងតាមគោលនយោបាយរបស់រដ្ឋាភិបាល។ ៣i ចាប់អារម្មណ៍ធ្វើជាដៃគូជាមួយវិស័យឯកជន ដើម្បីពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ។

កម្មវិធីនេះនឹងបង្កើតឱកាសដល់អាជីវកម្មថ្មីៗនៅក្នុងតំបន់ជនបទ និងតំបន់ដាច់ស្រយាលនៅក្នុងប្រទេសកម្ពុជា ព្រមទាំងធ្វើឱ្យប្រសើរឡើងលើផ្នែកសុខភាព និងសុខុមាលភាពសម្រាប់ប្រជាពាលរដ្ឋដែលងាយរងគ្រោះ និងក្រីក្របំផុតនៅក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២០ សមាគមបានទទួលថវិកាគាំទ្រពីកម្មវិធី ៣i ដើម្បីផ្តល់បណ្តុះបណ្តាលដល់សេវាករផ្គត់ផ្គង់ទឹកស្អាតដែលបានជ្រើសរើសចូលរួមក្នុងកម្មវធីកសាងសមត្ថភាពនេះ។ គោលបំណងសំខាន់នៃការកសាងសមត្ថភាពនេះគឺផ្តោតលើប្រតិបត្តិការ ថែទាំប្រព័ន្ធសម្អាតទឹក និងការគ្រប់គ្រងអាជីវកម្ម។

កម្មវិធីនេះនឹងធានាថា សេវាករផ្គត់ផ្គង់ទឹកស្អាតទាំងអស់បំពេញចំណេះដឹង និងជំនាញរបស់ពួកគេក្នុងដំណើរកាប្រតិបត្តិ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងការផលិត និងផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាពដល់អតិថិជន។ វគ្គបណ្តុះបណ្តាលមានចំនួនពីរវគ្គគឺ វគ្គទី១. ការគ្រប់គ្រងបច្ចេកទេស និងវគ្គទី២. ការគ្រប់គ្រងអាជីវកម្ម ម៉្យាងទៀងកម្មវិធីមានការបង្វឹក(កាអនុវត្តផ្ទាល់) នៅតាមស្ថានីយផ្ទាល់ ដើម្បីជួយអ្នកចូលរួមក្នុងការអនុវត្តតាមស្ថានភាពជាក់ស្តែងរបស់ពួកគេ។​

ជាលទ្ធផល សេវាករផ្គត់ផ្គង់ទឹកស្អាតឯកជនចំនួន ៧២ស្ថានីយបានចុះកិច្ចព្រមព្រៀងរៀនសូត្រជាមួយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាចាប់ពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២០។ សមាគមបានផ្តល់វគ្គបណ្តុះបណ្តាលផ្នែកគ្រប់គ្រងបច្ចេកទេស និងផ្នែកគ្រប់គ្រងអាជីវកម្មចំនួន ១២វគ្គ ដែលមានអ្នកចូលរួមសរុបប្រមាណ ២៣៤នាក់ និងការបង្វឹកដល់ទីកន្លែងចំនួន ៣៧ដង ដែលមានអ្នកចូលរួមចំនួន ១៥៧នាក់។