គម្រោង UNICEF

គម្រោង
«ការពង្រឹងសមត្ថភាពទប់ទល់ទៅនឹងគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់»

ឆ្លើយតបទៅនឹងបញ្ហាគ្រោះរាំងស្ងួត និងដើម្បីធានានូវនិរន្តភាពនៃការផ្គត់ផ្គង់ទឹកស្អាត ជាពិសេសនៅរដូវ​ប្រាំង គម្រោងបានសហការជាមួយស្ថានីយផ្គត់ផ្គង់ទឹកស្អាតលំពង់ ក្នុងការកែលម្អប្រភពទឹកដោយធ្វើការជីក និងពង្រីកស្រះដែលជាប្រភពទឹកបន្ថែម។

ដើម្បីគាំទ្រដល់ការងារខាងលើ គម្រោងបានផ្តល់ម៉ាស៊ីនភ្លើង​កម្លាំង៤៥ KVA ដល់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតលំពង់ សម្រាប់បម្រុងពេលដាច់ចរន្តអគ្គិសនី ដោយសារតំបន់នេះមានការដាច់ចរន្ត   អគ្គិសនីញឹកញាប់ធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់។

ទន្ទឹមនឹងនោះ គម្រោងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ផែនការសុវត្ថិភាពទឹក” ជូនដល់សេវាករទឹកស្អាតចំនួន៤ ស្ថានីយ។ វគ្គបណ្តុះបណ្តាលមានគោលបំណង កសាងសមត្ថភាពសេវាករផ្គត់ផ្គង់ទឹកស្អាតក្នុងការរៀបចំឯកសារផែនការសុវត្ថិភាពទឹកសម្រាប់ស្ថានីយរបស់ខ្លួន។

ក្នុងវគ្គបណ្តុះបណ្តាលនេះបញ្ហាត្រូវបានកំណត់នៅក្នុងទីតាំងជាក់លាក់ចំនួន៤ កន្លែងចាប់ពីប្រភពទឹក អាងប្រព្រឹត្តកម្ម អាងស្តុកទឹក និងបណ្តាញចែកចាយទឹក។ ជាលទ្ធផល ស្ថានីយផ្គត់ផ្គង់ទឹកស្អាតទាំង៤ បានចងក្រង​ឯកសារផែនការសុវត្ថិភាពសម្រាប់ស្ថានីយខ្លួន។

ម៉្យាងវិញទៀត ក្រោយពីវគ្គបណ្តុះបណ្តាល បុគ្គលិកគម្រោងក៏បានចុះបង្វឹកផ្ទាល់ដល់ស្ថានីយនីមួយៗ ដើម្បី​ជួយពួកគេក្នុងការកំណត់បញ្ហាប្រឈមជាក់ស្តែងដែលមាននៅតាមស្ថានីយនីមួយៗ និងចាប់ផ្តើមសរសេរ    ឯកសារផែនការសុវត្ថិភាពទឹក។

លើសពីនេះទៅទៀត គម្រោងបានសហការជាមួយអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ រៀបចំសេចក្តីព្រាង «គោលការណ៍ណែនាំស្តីពីវិធានការទប់ទល់នឹងគ្រោះរាំងស្ងួត» និង «គោលការណ៍ណែនាំស្តីពីវិធានការទប់ទល់នឹងគ្រោះទឹកជំនន់» និងបានបញ្ជូនសេចក្តីព្រាងនេះទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ដើម្បីពិនិត្យ និងសម្រេចមុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។