គម្រោង WASH-FIN

គម្រោង
«ការគាំទ្រហិរញ្ញប្បទានលើការងារទឹកស្អាត និងអនាម័យ»

១. ការរៀបចំផែនការអាជីវកម្ម

ក្រោមជំនួយពីគម្រោង WASH-FIN សមាគមបានជួយរៀបចំផែនការអាជីវកម្មដល់ស្ថានីយទឹកស្អាតបាភ្នំ និងស្ថានីយទឹកស្អាតបែកចាន និងបានធ្វើបច្ចុប្បន្នភាពលើផែនការអាជីវកម្មលើផ្នែកហិរញ្ញវត្ថុរបស់ស្ថានីយទឹកស្អាត ឡេងខៀវ ព្រែកអំបិល និងស្ថានីយទឹកស្អាត ខោ ប៊ុនហ៊ាត សម្រាប់រៀបចំកម្ចីទៅធនាគារ។ ជាលទ្ធផល គម្រោងបានបញ្ជូនសំណើសុំកម្ចីចំនួន៣ ទៅធនាគារ ABA ធនាគារSME និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុជប៉ុន ISC ដែលមានទំហំទឹកប្រាក់សរុប.៩០០.០០០ ដុល្លារសហរដ្ឋអាមេរិក។

២. ការរកប្រភពទុនកម្ចីសម្រាប់ការពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាត

ដើម្បីជួយដល់សេវាករផ្គត់ផ្គង់ទឹកស្អាត គម្រោងបានជួបប្រជុំជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីស្វែងយល់ពីគោលការណ៍នៃប្រាក់កម្ចី និងណែនាំពីអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ដើម្បីទាញចំណាប់អារម្មណ៍ផ្តល់កម្ចីដល់វិស័យទឹកស្អាត​។

ជាមួយគ្នានេះផងដែរ គម្រោងក៏បានជួយសេវាករផ្គត់ផ្គង់ទឹកស្អាតរៀបចំជាផែនការអាជីវកម្ម សម្រាប់ដាក់ស្នើសុំកម្ចីពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។​ ជាលទ្ធផលក្នុងឆ្នាំ២០២០​ នេះគម្រោងជួយសម្របសម្រួលដល់ ស្ថានីយចំនួន៤ ទទួលបានទុនកម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានទឹកប្រាក់សរុប.៦៤០.០០០ ដុល្លារសហរដ្ឋអាមេរិក។

៣. ការកសាងសមត្ថភាពសេវាករផ្គត់ផ្គង់ទឹកស្អាត

      • គម្រោងបានផ្តល់វគ្គបណ្តុះបណ្តាលចំនួន៣ វគ្គស្តីពីការគ្រប់គ្រងគុណភាពទឹក ដល់ស្ថានីយចំនួន៨ ដែលមានអ្នកចូលរួមសរុប២៦ នាក់ (ស្រី៤ នាក់)។
      • គម្រោងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីទម្រង់វាយតម្លៃស្ថានភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដល់សេវាករផ្គត់ផ្គង់ទឹកស្អាតចំនួន៤១ ស្ថានីយ និងរៀបចំលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសសេវាករ ដែលបានប្រតិបត្តិល្អចំនួន១០ ស្ថានីយ ដើម្បីទទួលបានរង្វាន់លើកទឹកចិត្តជាឧបករណ៍តេស្តគុណភាពទឹកពីគម្រោង។
      • ដើម្បីជាជំនួយដល់សេវាករផ្គត់ផ្គង់ទឹកស្អាតក្នុងការតាមដានសម្ពាធទឹក គម្រោងបានផលិតវីដេអូផ្សព្វផ្សាយ ស្តីពីរបៀបប្រើប្រាស់ឧបករណ៍វាស់សម្ពាធទឹក។

៤. ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នៅថ្នាក់ក្រោមជាតិ

គម្រោងបានសម្របសម្រួលសេវាករផ្គត់ផ្គង់ទឹកស្អាត រៀបចំកិច្ចប្រជុំពិគ្រោះយោបល់រវាងអាជ្ញាធរថ្នាក់ក្រោមជាតិ និងសេវាករផ្គត់ផ្គត់ទឹកស្អាតឯកជន និងមានការចូលរួមពីមន្រ្តីលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ។ ជាលទ្ធផលគម្រោងបានសម្របសម្រួលស្ថានីយចំនួន​១៥ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ចំនួន២៤ លើក (ថ្នាក់ស្រុកចំនួន៩ លើក និងថ្នាក់ឃុំចំនួន១៥ លើក)​ និងបានរៀបចំទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធសម្អាត និងការធ្វើតេស្តគុណភាពទឹកនៅស្ថានីយចំនួន១៨ ។